ខ្មែរក្រហមធ្វើទារុណកម្មឪពុកខ្ញុំរហូតដល់ស្លាប់

(ខេត្តស្វាយរៀង) អ៊ឹម សំអ៊ន អាយុ៦៩ឆ្នាំ គឺជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម មានស្រុកកំណើត និងរស់នៅភូមិធ្លក ឃុំធ្លក ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ខាងក្រោមនេះ គឺជារឿងរ៉ាវសង្ខេបពីខ្សែជីវិតរបស់សំអ៊ន៖ «ខ្ញុំឈ្មោះ អ៊ឹម សំអ៊ន ជាស្រ្តីមេម៉ាយ និងមានកូនចំនួន៦នាក់ (ស្រី៣នាក់)។ កូនៗរបស់ខ្ញុំមានគ្រួសារ និងបានបែកទៅរស់នៅផ្សេងអស់ហើយ ហើយខ្ញុំបច្ចុប្បន្នប្រកបរបរធ្វើស្រែដើម្បីចិញ្ចឹមជីវិត។
នៅអំឡុងឆ្នាំ១៩៧០ ស្ថិតនៅវ័យកុមារនៅឡើយ ខ្ញុំត្រូវបង្ខំចិត្តឈប់រៀន ដោយសារតែប្រទេសជាតិជួបប្រទះសង្គ្រាម និងការធ្វើរដ្ឋប្រហាររបស់ឧត្តមសេនីយ៍ លន់ នល់ ទម្លាក់សម្តេចព្រះនរោត្តម សីហនុ ពីតំណែង។ គ្រួសារខ្ញុំ ត្រូវរស់ឆ្លងកាត់ហេតុការណ៍ភ័យខ្លាចជាច្រើន មានដូចជាការបាញ់ប្រហាររវាងទាហានរបប លន់ នល់ ជាមួយនឹងយោធាខ្មែរក្រហម និងការទម្លាក់គ្រាប់បែកជាច្រើនលើកច្រើនសាពីយន្តហោះសហរដ្ឋអាមេរិកដែលគាំទ្រ របប លន់ នល់។ ក្រៅពីបានធ្វើឱ្យប្រជាជនរងរបួស និងស្លាប់ ការទម្លាក់គ្រាប់បែកបានបំផ្លិចបំផ្លាញផ្ទះសម្បែង, ផ្លូវ, ស្ពាន, មន្ទីរពេទ្យ, សាលារៀន, វត្តអារាម និងទ្រព្យសម្បត្តិជាច្រើនផ្សេងទៀត។ នៅចុងឆ្នាំ១៩៧០ យោធាបដិវត្តន៍ខ្មែរក្រហម ចាប់ផ្តើមចូលមកកាន់កាប់នៅក្នុងភូមិស្រុកដែលខ្ញុំរស់នៅ។ ពេលនោះ ខ្មែរក្រហមបានចាត់តាំងខ្ញុំឱ្យធ្វើជានារីកងចល័តនៅតាមបណ្តោយព្រំដែន ហើយក្រោយមកអង្គការបានប្តូរខ្ញុំឱ្យទៅធ្វើជាអ្នកចែកបាយឱ្យកងទ័ពប្រយុទ្ធ។ ខ្ញុំការងារនៅសមរភូមិក្រោយដែលធ្វើការ ដើម្បីគាំទ្រយោធានៅសមរភូមិមុខ។
នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមបានឡើងកាន់អំណាចនៅទូទាំងប្រទេស។ ខ្ញុំក៏ដូចជាប្រជាជនទូទៅ មានការខកចិត្តទាំងស្រុងដោយសារនឹកស្មានថាមានសុភមង្គលអាចរស់នៅជួបជុំគ្រួសារឡើងវិញ ប៉ុន្តែក្តីស្រមៃនោះបានរលាយអស់ត្រឹមតែមួយប៉បិ្រចភ្នែក។ កាលនោះ ខ្ញុំមានអាយុប្រមាណ១៩ ឆ្នាំ ជាប្រជាជនចាស់ និងមិនត្រូវបានជម្លៀសទៅតំបន់ផ្សេងឡើយ។ ខ្ញុំត្រូវរស់នៅ និងធ្វើការនៅក្នុងភូមិធ្លកដដែល។ ខ្ញុំបានឃើញប្រជាជនដែលត្រូវបានជម្លៀសពីទីក្រុងភ្នំពេញមករស់នៅតំបន់ខ្ញុំ ហើយខ្មែរក្រហមបានបង្កើតសហករណ៍ដោយប្រមូលទ្រព្យសម្បត្តិឯកជនទាំងអស់ទុកប្រើប្រាស់រួម ព្រមទាំងបង្កើតការដ្ឋានការងាររួមដោយប្រមូលសម្ភារ និងសត្វពាហនៈទាំងអស់ទុកជាកម្មសិទ្ធិរបស់អង្គការ។ ការងាររបស់ខ្ញុំ រួមមានជីកប្រឡាយ, លើកភ្លឺស្រែ និងទូលជី តាំងពីពេលព្រឹករហូតដល់ថ្ងៃត្រង់ និងពីពេលរសៀលរហូតដល់ពេលល្ងាច។ ចំណែកការហូបចុកវិញ ខ្ញុំទទួលបានត្រឹមតែបបរមួយកូនចាន។ នៅក្នុងរបបខ្មែរក្រហម ខ្ញុំក៏បានដឹងពីសកម្មភាពនៃការធ្វើទារុណកម្ម, រំលោភស្ត្រីភេទ និងការសម្លាប់មនុស្សនៅក្នុងវត្តធ្លក ដែលអង្គការបានប្រែក្លាយទីតាំងនេះទៅជាមន្ទីរសន្តិសុខធ្លក។
នៅក្នុងរបបខ្មែរក្រហមរឿងរ៉ាវដែលខ្ញុំចងចាំមិនអាចបំភ្លេចបានគឺព្រឹត្តិការណ៍នៃការធ្វើទារុណកម្មយ៉ាងព្រៃផ្សៃមកលើឪពុករបស់ខ្ញុំរហូតដល់ស្លាប់។ ខ្ញុំបានឃើញហេតុការណ៍នេះផ្ទាល់ភ្នែក ហើយខ្ញុំនៅដក់ជាប់អារម្មណ៍រហូតដល់សព្វថ្ងៃ។ ក្រោយរបបខ្មែរក្រហមដួលរលំ ខ្ញុំបានមករស់នៅស្រុកកំណើតវិញ»៕
សម្ភាសន៍ដោយ ម៉ុន សុធារ៉ា ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤
អត្ថបទដោយ អេង សុខម៉េង

