ជិន ដាវី៖ ខ្ញុំធ្លាប់រៀនច្រៀងបទ “១៧មេសាកម្ពុជារំដោះ”

ជិន ដាវី (ឆ្វេង) និងម្ដាយរបស់ដាវី (ស្តាំ) រស់នៅភូមិប៉ប្រកខាងជើង ឃុំកាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (២០២១)

(ភ្នំពេញ)៖ ជិន ដាវី ភេទស្រី មានអាយុ ៦១ឆ្នាំ។ ដាវី រស់នៅភូមិប៉ប្រកខាងជើង ឃុំកាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ដាវី មានស្រុកកំណើតនៅឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ខេត្តតាកែវ។ ដាវី មានឪពុកឈ្មោះ ម៉ែន ជិន និងម្ដាយឈ្មោះ គឹម សាវឿន។ នៅពេលរំឭកពីរបបខ្មែរក្រហម ដាវី និយាយថា “អូ! វេទនាណាស់…អាពត…មិនស្រួលទេ”។

នៅសម័យសាធារណរដ្ឋខ្មែរ ដាវី បានឈប់រៀនត្រឹមថ្នាក់ទី៨។ ក្រោយមក ដាវី បានទៅធ្វើការនៅសង្កាត់ទឹកល្អក់ ក្រុងភ្នំពេញ។ នៅពេលនោះ ម្ដាយរបស់ដាវីធ្វើជាពេទ្យឆ្មប។

នៅខែមេសា ឆ្នាំ១៩៧៥ កងទ័ពខ្មែរក្រហមដែលចូលកាន់កាប់ទីក្រុងភ្នំពេញ បានចុះពីលើរថយន្ត ហើយកងទ័ពទាំងនោះបានស្រែកគំរាមប្រជាជនដោយចុងកាំភ្លើង។ ដាវី និយាយថា កងទ័ពខ្មែរក្រហមជម្លៀសប្រជាជនទាំងប្រញាប់ប្រញាល់ ដោយមិនអនុញ្ញាតឲ្យប្រជាជនត្រលប់ទៅផ្ទះរៀបចំអីវ៉ាន់អ្វីទាំងអស់។ កងទ័ពខ្មែរក្រហម បានប្រាប់គាត់ថា អង្គការឲ្យចាកចេញតែបីថ្ងៃប៉ុណ្ណោះ។ កាលនោះ ដាវី ដែលមានអាយុ១០ឆ្នាំ ត្រូវព្រាត់ប្រាសម្ដាយ និងបងប្អូនរបស់គាត់។ ដាវី ធ្វើដំណើរតាមផ្លូវជាតិលេខ៣។ គាត់ក៏បានជួបម្ដាយ ហើយអ្នកទាំងគ្នាបន្តដំណើរឆ្ពោះទៅស្រុកកំណើត។ នៅទីនោះ ខ្មែរក្រហមចាត់ទុកគ្រួសាររបស់ដាវីជាប្រជាជនថ្មី និងចាត់តាំងឲ្យ ដាវី ធ្វើការក្នុងកងកុមារ ដោយគាត់ត្រូវដើរប្រមូលអាចម៍គោ, រៀនថា្នក់អក្ខរកម្ម និងរៀនច្រៀងបទចម្រៀងដូចជា “ដប់ប្រាំពីរមេសាកម្ពុជារំដោះ”។

ក្រោយមក ខ្មែរក្រហមបានបញ្ជូន ដាវី ឲ្យទៅធ្វើការក្នុងកងចល័ត ឬកងពិសេស នៅស្រុកអង្គរបូរី។ ដាវី ត្រូវដកស្ទូង, រែកដី និងជីកប្រឡាយដែលទំហំប្រាំម៉ែត្របួនជ្រុង។ ដាវី ត្រូវសម្រាកតាមរោងនៅក្នុងព្រៃឫស្សី ឬកណ្ដាលវាលស្រែ។ ដាវី និយាយថា គាត់ត្រូវក្រោកទៅធ្វើការចាប់តាំងពីម៉ោង៣យប់។ កន្លងហួសជាច្រើនថ្ងៃ ទើបខ្មែរក្រហមអនុញ្ញាត ដាវី ឲ្យទៅជួបម្ដាយរបស់គាត់ម្តង។ ដាវី ដែលមិនស្រួលខ្លួន ត្រូវខ្មែរក្រហមធាក់ទាំងកំរោល ដោយសារគាត់មិនទៅដកស្ទូង។

ក្នុងមួយឆ្នាំ ខ្មែរក្រហមចែកឲ្យ ដាវី នូវស្បែកជើងកង់ឡានមួយគូ, ក្រមាមួយ និងខោអាវពីរសម្រាប់។  ក្នុងមួយថ្ងៃ ដាវី ទទួលបានរបបអាហារចំនួនពីរពេល។ ក្នុងមួយពេល ដាវី ទទួលបានតែបាយ ឬបបររាវលាយជាមួយដំឡូងមួយដុំប៉ុណ្ណោះ។ នៅពេលមានជំងឺ ដាវី ទទួលបានតែថ្នាំរាងដូចអាចម៍ទន្សាយ ឬទឹកដូងសម្រាប់ព្យាបាលប៉ុណ្ណោះ។

ជារៀងរាល់ប្រាំថ្ងៃ ដាវី ត្រូវចូលរួមប្រជុំម្តង។ នៅពេលប្រជុំ ខ្មែរក្រហមសួរប្រជាជនថា “តើអង្គការគួរកម្ទេច (សម្លាប់) ឬកសាង (ស្តីបន្ទោស) ចំពោះនរណាដែលលួចហូប”។ ប្រជាជននាំគ្នាឆ្លើយថា កសាង។ នៅពេលដឹងថាខ្មែរក្រហមរកឃើញថា ក្រុមរបស់គាត់រើសក្រូចថ្លុងពីរផ្លែហូបនៅពេលទៅរកឧស ដាវី មានការភ្ញាក់ផ្អើល​ជាខ្លាំង។ ក្រោយពីចប់ការប្រជុំ ក្រុមរបស់ដាវី ត្រូវបានខ្មែរក្រហមហៅទៅស្តីបន្ទោស។

ដាវី រៀបរាប់ថា ប្រជាជនចាស់ និងបងប្អូនរបស់ម្ដាយដាវី បានជួយលាក់បាំងប្រវត្តិរូបក្រុមគ្រួសាររបស់ដាវី។ ទោះបីជាយ៉ាងក៏ដោយ ប្រជាជនចាស់ដែលគេមិនចូលចិត្តក្រុមគ្រួសាររបស់ដាវី បាននិយាយចាក់រុក, រាយការណ៍ និងចោទប្រកាន់ក្រុមគ្រួសាររបស់គាត់។ ក្រៅពីនេះ ដាវី ចងចាំថា ប្រជាជនថ្មីជាច្រើនគ្រួសារបានបាត់បង់ជីវិតដោយសារការហូបចុកមិនគ្រប់គ្រាន់, ការធ្វើពលកម្មហួសកម្លាំង និងការកាប់សម្លាប់ដោយខ្មែរក្រហម។

ដាវី និយាយថា ខ្មែរក្រហមបានចងជើងកូនក្មេង ហើយខ្មែរក្រហមចាប់បោកនឹងជញ្ជាំងវិហារនៅវត្តស្លែង ដោយគ្មានសេចក្តីអាណិតអាសូរឡើយ។ ប្រជាជនដែលខ្មែរក្រហមបណ្ដើរយកទៅទីនោះ ត្រូវបានសម្លាប់។ ដាវី ឃើញខ្មែរក្រហមកាន់សម្លៀកបំពាក់របស់ប្រជាជនទាំងនោះ។ នៅឆ្នាំ១៩៧៩ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ ដាវី និងម្ដាយរបស់គាត់ បានត្រលប់មករស់នៅទីក្រុងភ្នំពេញវិញ៕

សម្ភាសន៍ដោយ​ ថន ពុធដារ៉ូ ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១

អត្ថបទដោយ ស្រ៊ាង លីហ៊ួរ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin