នៅក្នុងរបបខ្មែរក្រហម ខ្ញុំហូបតែបបរមិនដែលស្គាល់រសជាតិបាយ

(ក្រចេះ)៖ ជា សាវឿន អាយុ៦៦ឆ្នាំ មានទីកន្លែងកំណើតនៅភូមិបឹងគ្រំលើ ឃុំបឹងគ្រំ ស្រុកល្វាឯម ខេត្តកណ្ដាល។ បច្ចុប្បន្ន សាវឿន រស់នៅភូមិយាវ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។
នៅក្នុងរបប លន់ នល់ សាវឿន បានបួសរៀននៅក្នុងវត្តមួយកន្លែង ក្នុងខេត្តកណ្ដាល។ ក្រោយមក ដោយសារតែមានការទម្លាក់គ្រាប់បែក សាវឿន បានរត់ចេញពីវត្តទៅរកម្ដាយនៅផ្ទះ ហើយចាប់ពីពេលនោះមក ស្ថានភាពនៅក្នុងប្រទេសក៏ចាប់ផ្ដើមមានភាពចលាចលកាន់តែខ្លាំង។ ប្រជាជនត្រូវភៀសខ្លួនចេញពីតំបន់ដែលមានការទម្លាក់គ្រាប់បែក ទៅកាត់តំបន់សុវត្ថិភាពដើម្បីស្នាក់នៅ។
សាវឿន បានលើកឡើងថា នៅក្នុងរបបខ្មែរក្រហម គាត់ហូបតែបបរមិនដែលបានហូបបាយទេ។ នៅក្នុងរបបនោះ គាត់រស់នៅយ៉ាងលំបាក គ្មានសិទ្ធិសេរីភាពឡើយ ដោយនៅពេលនោះ ប្រជាជនមិនអាចនិយាយអ្វីផ្ដេសផ្ដាសឡើយ ដោយត្រូវប្រុងប្រយ័ត្នជានិច្ច។ គាត់បានបន្តថា ការរស់នៅក្នុងរបបខ្មែរក្រហមគឺមិនងាយស្រួលទេ គាត់ត្រូវធ្វើការងារទាំងយប់ទាំងថ្ងៃ ហើយមានពេលវេលាសម្រាកតិច។ នៅក្នុងមួយថ្ងៃ គាត់ត្រូវធ្វើការងារលើសពី១២ម៉ោង។
សាវឿន បាននិយាយថា៖ «នៅពេលដែលខ្ញុំនិយាយអំពីរឿងរ៉ាវនៅក្នុងរបបខ្មែរក្រហមប្រាប់ទៅកូន ឬក្មេងជំនាន់ក្រោយ គឺមិនសូវមានអ្នកជឿលើអ្វីដែលខ្ញុំបាននិយាយទេ ព្រោះតែក្មេងជំនាន់នេះ គឺរស់នៅស្រួល មិនដូចសម័យ ប៉ុល ពត។ គេមិនដឹងប្រវត្តិថាការលំបាកតស៊ូនោះវេទនាប៉ុណ្ណា»។
នៅក្នុងរបបនោះ ខ្មែរក្រហមបានចាប់មនុស្សជាច្រើននាក់ ចងបណ្ដើរទៅទាំងខ្សែយកទៅសម្លាប់។ ដោយសារតែខ្លាចសំឡេងសម្រែកនៃភាពឈឺចាប់របស់អ្នកទទួលទារុណកម្មមុនពេលសម្លាប់ ឮទៅដល់ប្រជាជនដទៃ ឈ្លបខ្មែរក្រហមបានចាក់មេក្រូ។ ខ្មែរក្រហម តែងតែអនុវត្តសកម្មភាពបែបនោះនៅពេលដែលមានការសម្លាប់មនុស្សកើតឡើង។ ប្រជាជនកម្ពុជា ជាច្រើនបានស្លាប់ ដោយសារតែការចោទប្រកាន់ពីសំណាក់ប្រជាជនដែលរស់នៅក្នុងសហករណ៍ជាមួយគ្នា ហើយអង្គការបានកាត់ទោសបុគ្គលទាំងនោះដោយមិនស្វែងយល់ពីបញ្ហាឱ្យច្បាស់លាស់ឡើយ។
សាវឿន បានចែករំលែកពីការរៀបការនៅក្នុងរបបខ្មែរក្រហម។ អាពាហ៍ពិពាហ៍ធ្វើឡើងសម្រាប់គូស្រករចាប់ពីប្រាំគូឡើងទៅ ដោយអង្គការជាអ្នករៀបចំផ្សំផ្គុំឱ្យ និងគ្មានការប្រឆាំងតវ៉ា។ ប្រសិននរណាហ៊ានប្រឆាំងនឹងការផ្សំផ្គុំរបស់អង្គការបុគ្គលនោះ ច្បាស់ជាត្រូវនាំខ្លួនយកទៅសម្លាប់។ តាមរយៈការសង្កេតរបស់សាវឿន ការរៀបការធ្វើឡើងដោយបង្ខំ ហើយគូស្រករគ្មានចិត្តស្រឡាញ់គ្នាទៅវិញទៅមកទេ។ ប្រជាជនជាច្រើនគូ បានសម្រេចចិត្តបញ្ចប់ចំណងអាពាហ៍ពិពាហ៍ បន្ទាប់ពីរបបខ្មែរក្រហមដួលរលំ។
នៅក្នុងរបបខ្មែរក្រហម សាវឿន វង្វេងបងប្រុសម្នាក់។ មកទល់ពេលបច្ចុប្បន្ន មិនដឹងថាបងប្រុសរបស់គាត់នៅមានជីវិត ឬយ៉ាងណានោះទេព្រោះតាំងពីរបបខ្មែរក្រហមដួលរលំ សាវឿន មិនដែលទទួលបានដំណឺងពីបងប្រុសឡើយ។ គាត់ព្យាយាមស្វែងរកដំណឹងបងប្រុសរបស់គាត់ ប៉ុន្តែមិនដែលទទួលបានដំណឹងនោះទេ។ ពេលខ្លះ គាត់សន្មតថាបងប្រុសរបស់គាត់បានបាត់បង់ជីវិតហើយ៕
សម្ភាសន៍ដោយ៖ ប៉ឹល មុនថាន ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤
អត្ថបទដោយ៖ នេន ស្រីមុំ

