កង្កែបប្រឡាក់អំបិលខ្ចប់ស្លឹកចេក

(ព្រះវិហារ)៖ ហួត សុធី មានអាយុ ៥៨ឆ្នាំ មានស្រុកកំណើតនៅភូមិលាបទង ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ។ បច្ចុប្បន្ន សុធី មានទីលំនៅនៅភូមិគោកបេង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។ សព្វថ្ងៃនេះ គាត់មានជំងឺលើសឈាម និងទឹកនោមផ្អែម។

មុនពេលរបបខ្មែរក្រហមមកដល់ ក្រុមគ្រួសាររបស់ សុធី រស់នៅយ៉ាងមានសេចក្តីសុខ។ ក្រោយពេលខ្មែរក្រហមមកកាន់កាប់ គ្រួសារនេះត្រូវបែកបាក់ និងចាកឆ្ងាយពីគ្នា។ អង្គការបានតម្រូវឱ្យ សុធី ទៅរស់នៅក្នុងជំរុំកងកុមារ។ នៅទីនោះ សុធី ត្រូវហូបរួម និងស្នាក់នៅរួមជាមួយកុមារដទៃទៀត។

ទោះបីមានអាយុត្រឹមតែ១០ឆ្នាំជាង សុធី ត្រូវអង្គការបង្ខំឱ្យធ្វើការស្ទើរតែគ្មានពេលសម្រាក។ ការងារទាំងនោះមាន ដើររើសអាចម៍គោ និងជញ្ជូនកណ្តាប់ដាក់ក្នុងស្រែ។ កងកុមារត្រូវធ្វើការពីម៉ោង៧ និង៣០នាទីព្រឹក ដល់ម៉ោង១១ព្រឹក ទើបសម្រាកហូបបាយ។ នៅពេលរសៀល ធ្វើការពីម៉ោង១រសៀល ដល់ម៉ោង៥ល្ងាច ទើបសម្រាកហូបបបរ ហើយថ្ងៃខ្លះ កងកុមារត្រូវជួយជញ្ជូនកណ្តាប់នៅពេលយប់បន្ថែមទៀត។

របបអាហារប្រចាំថ្ងៃមានតែ២ពេលប៉ុណ្ណោះគឺពេលព្រឹក និងពេលល្ងាច។ ពេលព្រឹក សុធី ត្រូវហូបបាយលាយសំបកដំឡូងជាមួយសម្លម្ជូរ ចំណែកពេលល្ងាចត្រូវហូបបបរ។ នៅពេលវាយជួង កុមារទាំងអស់ត្រូវកាន់ចានតម្រង់ជួររង់ចាំទទួលអាហារ ដោយម្នាក់ទទួលបានបបរតែមួយវែកប៉ុណ្ណោះ។ ដោយសារបបរនោះរាវដូចទឹក សុធី ត្រូវបេះបន្លែតាមព្រៃយកមកដាក់លាយបន្ថែមដើម្បីហូបឱ្យបានឆ្អែត។ ភាពស្រេកឃ្លាន និងការធ្វើការហួសកម្លាំងបានជំរុញឱ្យ សុធី លួចអាហារហូប ទោះបីជាមានការភ័យខ្លាចយ៉ាងណាក្តី។ សុធី បាននិយាយថា៖ «ខ្ញុំធ្លាប់លួចចាប់កង្កែបយកទៅប្រឡាក់អំបិលខ្ចប់ស្លឹកចេកដុត និងពេលខ្លះលួចហូបអង្ករឆៅ»។ គ្រប់ពេលធ្វើការមានយោធាខ្មែរក្រហមចាំយាមជានិច្ច ហើយបើឃើញនរណាខ្ជិល ឬលួចរបស់ នឹងយកទៅសម្លាប់ចោលភ្លាមៗ។ ក្នុងសម័យនោះគ្មានទ្រព្យសម្បត្តិឯកជនទេ គ្រប់យ៉ាងគឺជារបស់អង្គការ សូម្បីតែបន្លែដាំក្នុងផ្ទះខ្លួនឯង។

សម្រាប់ការឈឺថ្កាត់ អង្គការប្រើថ្នាំដុំមូលពណ៌ខ្មៅហៅថា ថ្នាំអាចម៍ទន្សាយ សម្រាប់ព្យាបាលជំងឺគ្រប់ប្រភេទ។ អ្នកជំងឺឈឺខ្លាំង ត្រូវបានអង្គការចោទថាធ្វើពុតខ្ជិលធ្វើការ ហើយទុកចោលរហូតដល់ស្លាប់។ បើមានអ្នកធ្វើខុស ឬខ្ជិល អង្គការនឹងវាយទម្លាក់រណ្តៅរាងបួនជ្រុងដែលបានជីកទុក។ ទាក់ទងនឹងការរៀបការ សុធី បានឃើញបងប្រុសរបស់គាត់រៀបការម្តង១០គូ។ អង្គការជាអ្នកផ្គូផ្គង ហើយបើហ៊ានបដិសេធនឹងត្រូវយកទៅសម្លាប់ចោល។

នៅក្នុងរបបខ្មែរក្រហម សុធី បានបាត់បង់សមាជិកគ្រួសារចំនួន៣នាក់។ អ្នកទាំង៣នោះមានឪពុកមារ២នាក់ឈ្មោះ ឈួន និង ឆាយ ព្រមទាំងប្អូនប្រុសម្នាក់ឈ្មោះ រ៉ាវុធ។ ឪពុកមារ និងប្អូនរបស់គាត់ត្រូវបានជម្លៀសចេញពីភូមិ ហើយបាត់ដំណឹងសូន្យឈឹងរហូតមក។ ក្រោយពេលរបបខ្មែរក្រហមដួលរលំ សុធី និងក្រុមគ្រួសារបានរស់នៅយ៉ាងមានក្តីសុខរហូតដល់បច្ចុប្បន្ន៕

សម្ភាសន៍ដោយ៖ រស់ សុវណ្ណសុវត្ថិ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤

អត្ថបទដោយ៖ នេន ស្រីមុំ

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin