កងចល័តឃុំស្វាយធំ

(ខេត្តស្វាយរៀង)៖ ព្រំ ថែ មានអាយុ ៧០ឆ្នាំ មានស្រុកកំណើតនៅភូមិត្រោកធំ ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ថែ មានឪពុកឈ្មោះ សុំ និងម្តាយឈ្មោះ ថៃ ហើយគាត់ជាកូនទី២ នៅក្នុងគ្រួសារដែលមានបងប្អូនចំនួន ៦នាក់ ក្នុងនោះមានស្រី ២នាក់។
កាលពីកុមារភាព ថែ រៀនបានត្រឹមថ្នាក់ទី១ ក្នុងសម័យសង្គមរាស្ត្រនិយម។ នៅឆ្នាំ១៩៧៥ នៅពេលដែលខ្មែរក្រហមបានឡើងកាន់កាប់អំណាច អង្គការបានប្រមូលទ្រព្យសម្បត្តិ លុយកាក់ សម្ភារប្រើប្រាស់ និងសត្វពាហនៈពីគ្រួសាររបស់ ថែ ក៏ដូចជាប្រជាជនក្នុងភូមិទាំងអស់ ដើម្បីយកទៅរក្សាទុកក្នុងសហករណ៍សម្រាប់ការប្រើប្រាស់រួម។ អង្គការបានតម្រូវឱ្យ ថែ និងសមាជិកនៅក្នុងកងចល័ត២៥ នាក់ត្រូវស្ទូងស្រូវ និងច្រូតកាត់ឱ្យបានទំហំដី ១ហិកតា ក្នុង១ថ្ងៃ។ ប្រសិនបើធ្វើមិនបានសម្រេចតាមផែនការដែលបានកំណត់ទេនោះ សមាជិកកងចល័តទាំងអស់នឹងមិនទទួលបានរបបអាហារឡើយ។ ទោះបីជារបបអាហារទាំងនោះមិនគ្រប់គ្រាន់ក៏ដោយ ក៏ ថែ និងសមាជិកកងចល័តដទៃទៀត មិនហ៊ានរអ៊ូរទាំឡើយ ព្រោះខ្លាចគេនាំយកទៅសម្លាប់ចោល។ បន្ទាប់ពីបញ្ចប់រដូវច្រូតកាត់ អង្គការបានតម្រូវឱ្យ ថែ ទៅជីក និងរែកដីបាតស្រះត្រពាំង យកមកដាក់នៅតាមវាលស្រែ។ កាលនោះ ខ្មែរក្រហមឱ្យកងចល័តរែកដីបាតស្រះ ត្រពាំង យកមកដាក់ស្រែ ដើម្បីធ្វើឱ្យដីមានជីជាតិល្អ និងទទួលបានទិន្នផលខ្ពស់។ ក្រោយមក នៅពេលដែល ថែ មានផ្ទៃពោះ អង្គការបានផ្លាស់ប្តូរគាត់ពីកងចល័តដែលត្រូវធ្វើការងារនៅឆ្ងាយៗ ឱ្យមកធ្វើការងារនៅឯរោងបាយវិញ។ ថែ ត្រូវបុកស្រូវ និងរើសសម្រិតសម្រាំងអង្ករឱ្យស្អាតចំនួន ៣តៅ ក្នុងមួយថ្ងៃ ដើម្បីផ្គត់ផ្គង់ដល់រោងបាយរួម។ នៅពេលសម្រាលកូន អង្គការបានអនុញ្ញាតឱ្យ ថែ សម្រាកបានប្រហែល ១ខែ។ បន្ទាប់មក ថែ ត្រូវយកកូនទៅផ្ញើជាមួយកងកុមារ ដើម្បីចេញទៅធ្វើការងារជូនអង្គការដូចសព្វមួយដង។
នៅចុងឆ្នាំ១៩៧៨ ខ្មែរក្រហមបានជម្លៀស ថែ និងគ្រួសារ ឱ្យទៅរស់នៅខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង ប៉ុន្តែនៅពេលដែលពួកគាត់ធ្វើដំណើរទៅដល់តំបន់អ្នកលឿង ក៏បានជួបប្រទះនឹងការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា រវាងយោធាខ្មែរក្រហម និងកងទ័ពរណសិរ្សសង្គ្រោះជាតិកម្ពុជា ដែលសហការជាមួយកងទ័ពវៀតណាម បណ្តាលឱ្យផ្ទុះឆេះឃ្លាំងគ្រាប់រំសេវ និងឃ្លាំងស្តុកស្រូវអង្ករនៅតំបន់អ្នកលឿង។ ថែ បានឃើញអណ្តាតភ្លើងឆាបឆេះ និងបែកផ្កាភ្លើងព្រោងព្រាត ហើយនៅពេលនោះដែរ គាត់ក៏បានទទួលដំណឹងថាប្រទេសជាតិត្រូវបានរំដោះ។ ថែ ក្រុមគ្រួសារ និងប្រជាជនដទៃទៀត បានធ្វើដំណើរត្រឡប់មកស្រុកកំណើតវិញ និងបានចាប់ផ្តើមបង្កបង្កើនផលស្រូវរហូតមកដល់សព្វថ្ងៃ។ បច្ចុប្បន្ន ថែ គឺជាកសិកររស់នៅក្នុងឃុំស្វាយធំ ហើយគាត់មានជំងឺប្រចាំកាយ គឺជំងឺក្រពះ ជំងឺពោះវៀន និងឧស្សាហ៍មានអាការឈឺចុកចាប់ក្នុងពោះខ្លាំង៕
សម្ភាសន៍ដោយ ឈិន ផនពៅពិសី ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤
អត្ថបទដោយ អេង សុខម៉េង

