ហូរទឹកភ្នែកអាណិតវាសនាខ្លួនឯង

(ត្បូងឃ្មុំ)៖ ឈុំ ឃុនស៊ាង អាយុ៦៨ឆ្នាំ មានទីកន្លែងកំណើត និងលំនៅដ្ឋានរស់នៅឯភូមិជើងអង ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។
នៅក្នុងឆ្នាំ១៩៧០ មានការទម្លាក់គ្រាប់បែកនិងគ្រាប់ផ្លោងយ៉ាងខ្លាំងក្លា និងឥតឈប់ឈរពីកងទ័ពសត្រូវ។ នៅគ្រានោះ ឃុនស៊ាង ទើបតែមានអាយុ១០ឆ្នាំជាង។ ពេលឮសំឡេងយន្តហោះទម្លាក់គ្រាប់បែកនិងគ្រាប់ផ្លោង ឃុនស៊ាង តែងតែរត់គេចខ្លួនទៅពួននៅឯភូមិជ្រាច ដោយត្រូវចូលលាក់ខ្លួនក្នុងព្រៃខ្មោច និងពួនតាមភ្លឺស្រែដើម្បីរក្សាសុវត្ថិភាព។
នៅឆ្នាំ១៩៧៥ ឃុនស៊ាង មានអាយុប្រហែល១៨ឆ្នាំ និងកំពុងតែមានកូនខ្ចីនៅក្នុងបន្ទុក។ ខ្មែរក្រហមមិនបានយោគយល់ថា ឃុនស៊ាង ជាស្រ្តីទើបតែសម្រាលកូនឡើយ។ ខ្មែរក្រហមបានចាត់តាំង ឃុនស៊ាង ឱ្យបំពេញការងារដូចជាដាំបាយ, បុកស្រូវ-អង្ករ និងជាអ្នកចម្អិនសម្លសម្រាប់ផ្តល់ឱ្យប្រជាជនហូប។ សម្លដែលអង្គការផ្តល់ឱ្យមានតែសម្លម្ជូរដើមចេកប៉ុណ្ណោះ។ ឃុនស៊ាង បានយកដើមចេកមកចិញ្ច្រាំ មើលទៅហាក់ដូចជាការចិញ្ច្រាំដាក់ឱ្យជ្រូកស៊ីអញ្ចឹង។ នៅក្នុងរបបខ្មែរក្រហម ទោះបីជាសម្បូរត្រីនៅក្នុងស្រែ, បឹង ឬប្រឡាយ ប្រជាជនមិនអាចចាប់យកមកធ្វើជាម្ហូបបានឡើយ។
ការផ្គត់ផ្គង់អាហារនៅពេលនោះគឺមិនគ្រប់គ្រាន់ឡើយ។ ដោយសារការរស់នៅខ្វះអាហារ និងហត់នឿយ កូនរបស់ ឃុនស៊ាង បានយំជាញឹកញាប់ព្រោះសេចក្ដីស្រេកឃ្លាន។ ពេលឮកូនរបស់ឃុនស៊ាង យំ ខ្មែរក្រហមមិនត្រឹមតែមិនអាណិតទេ និងបានស្តីបន្ទោសឱ្យគាត់បន្ថែមទៀត។
នៅក្នុងរបបនោះ ការរស់នៅប្រចាំថ្ងៃត្រូវរឹតត្បិតយ៉ាងខ្លាំង សូម្បីតែការស្លៀកពាក់ត្រូវកំណត់ឱ្យប្រជាជនស្លៀកពាក់ពណ៌ខ្មៅ និងកាត់សក់ត្រឹមក។ បន្ថែមលើការរឹតត្បិតសិទ្ធិសេរីភាព ការរៀបការនៅក្នុងរបបនោះត្រូវរៀបចំឡើងដោយអង្គការជាអ្នកផ្សំផ្គុំ។ អង្គការបានចាប់ផ្សំផ្គុំតាមតែអំពើចិត្ត ដោយសាមីខ្លួនគ្មានសិទ្ធិប្រកែកទាល់តែសោះ មិនថាជាជនពិការ ឬប្រជាជនល្អជាឡើយ។
ក្រោយមក ខ្មែរក្រហមបានជម្លៀស ឃុនស៊ាង ឱ្យទៅរស់នៅឯភូមិចុងអង្រ្គងដែលស្គាល់ថាជាមន្ទីរសង្គ្រាម។ បន្ទាប់មកទៀត អង្គការបានបន្តជម្លៀសទៅដល់ខេត្តកំពង់ធំ។ នៅក្នុងដំណើរជម្លៀសដ៏សែនឆ្ងាយនិងលំបាកនោះ ឃុនស៊ាង បានសម្រាលកូនមួយទៀតនៅតាមដងផ្លូវ។ ពេលដែលកូនរបស់ ឃុនស៊ាង មានអាយុ២ខែ ខ្មែរក្រហមបានចាត់តាំងគាត់ឱ្យចុះទៅច្រូតស្រូវ។
ឃុនស៊ាង បានអះអាងថា ការធ្វើស្រែនៅទីនោះទទួលបានទិន្នផលស្រូវច្រើន ប៉ុន្តែប្រជាជនមិនមានសិទ្ធិហូបចុកគ្រប់គ្រាន់ឡើយ។ នៅពេល ឃុនស៊ាង ត្រូវចេញទៅធ្វើការ កូនតូចត្រូវប្រគល់ឱ្យប្រជាជនវ័យចំណាស់នៅក្នុងសហករណ៍ជួយមើលថែជំនួស។ ឃុនស៊ាង បាននិយាយថា៖ «ពេលវេលាដ៏សែនកម្សត់បំផុតគឺនៅពេលល្ងាច ពេលដែលខ្ញុំត្រឡប់មកពីធ្វើការហើយបានពរកូននៅក្នុងដៃ លាយឡំជាមួយសំឡេងសត្វលលកយំ ខ្ញុំមានអារម្មណ៍ស្រណោះស្រណោកយ៉ាងខ្លាំងរហូតដល់ហូរទឹកភ្នែកអាណិតនឹងវាសនាខ្លួនឯង»។
អ្វីដែលកាន់តែឈឺចាប់បំផុតសម្រាប់ ឃុនស៊ាង នៅក្នុងរបបខ្មែរក្រហម គឺការបាត់បង់សមាជិកគ្រួសារជាទីស្រឡាញ់។ ឃុនស៊ាង បានបាត់បង់ប្អូនប្រុសម្នាក់ឈ្មោះ ឈាង សេង ដែលជាទាហាន និងពូឈ្មោះ ឆន ជាទាហាន ដោយអ្នកទាំងពីរនាក់ត្រូវបានខ្មែរក្រហមចាប់យកទៅវាយសម្លាប់ចោលយ៉ាងព្រៃផ្សៃនៅឯខេត្តកំពង់ឆ្នាំង៕
សម្ភាសន៍ដោយ៖ ឈើន ស្រីល័ក្ខ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤
អត្ថបទដោយ៖ នេន ស្រីមុំ

