ជាអ្នកតម្បាញប៉ុន្តែខ្ញុំស្លៀកតែខោអាវរហែក

(ត្បូងឃ្មុំ)៖ លាង ស៊ន់ អាយុ៧៤ឆ្នាំ មានទីកន្លែងកំណើតនៅភូមិម៉ឺនពួក ឃុំជ្រៃ ខេត្តព្រៃវែង។ ក្នុងគ្រួសារដែលមានបងប្អូនចំនួន៥នាក់ ស៊ន់ គឺជាកូនច្បងដែលត្រូវរ៉ាប់រងការងារជាច្រើនបន្ទាប់ពីឪពុកម្ដាយ។ បច្ចុប្បន្ន ស៊ន់ រស់នៅក្រោមការមើលថែពីកូនរបស់គាត់ ក្នុងភូមិខ្លោង ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

មុនពេលមានព្រឹត្តិការណ៍ឆ្នាំ១៩៧០ ស៊ន់ បានរៀបការ និងផ្លាស់ប្ដូរមករស់នៅភូមិខាងប្តីក្នុងឃុំស្រឡប់។ ក្នុងអំឡុងឆ្នាំ១៩៧០ ស្ថានភាពភូមិសាស្ត្រដែល ស៊ន់ រស់នៅមានភាពវឹកវរដោយសារការធ្វើបាតុកម្ម និងការទម្លាក់គ្រាប់បែកពីលើអាកាស បង្ខំឱ្យ ស៊ន់ រត់ពួនក្នុងត្រង់សេដើម្បីរក្សាសុវត្ថិភាព។ ទោះជាយ៉ាងណា នាពេលនោះមិនទាន់មានការចាត់តាំងឱ្យហូបបាយរួម ឬការបង្ខំឱ្យធ្វើការងារហួសកម្លាំងនៅឡើយទេ។

លុះដល់ឆ្នាំ១៩៧៥ នៅពេលរបបខ្មែរក្រហមគ្រប់គ្រងពេញផ្ទៃប្រទេស ស៊ន់ មានអាយុប្រហែល២០ឆ្នាំជាង។ ខ្មែរក្រហមបានចាត់តាំងឱ្យ ស៊ន់ ធ្វើការងារក្នុងរោងបាយក្នុងភូមិខ្លោង ដែលមានភារកិច្ចជាអ្នកដាំបាយ, ចិតបន្លែ, បុកអង្ករ, រែកស្រូវ និងត្បាញកន្ទេល។ ការងារនៅក្នុងរបបខ្មែរក្រហម មានការបែងចែកច្បាស់លាស់ ជាក់ស្តែងក្មេងៗត្រូវបានចាត់តាំងឱ្យទៅមើលគោក្របី ចំណែកមនុស្សចាស់ត្រូវបង្ខំឱ្យសែងលាមកមនុស្សយកទៅធ្វើជាជីបាចក្នុងស្រែ។ ជីទាំងនោះធ្វើឡើងពីការលាយបញ្ចូលគ្នារវាងផេះ, ទន្រ្ទានខេត្ត និងលាមកមនុស្ស ដែលគ្មានអនាម័យសោះឡើយ។

ការរស់នៅក្រោមរបបខ្មែរក្រហម មានភាពលំបាកខ្លាំងផ្នែកស្បៀងអាហារ។ នៅពេលដល់ម៉ោងបរិភោគ ខ្មែរក្រហមបានគោះជួងហៅមនុស្សឱ្យឡើងហូបបបរ។ ក្នុងរយៈពេលយូរទើបមានការដាំបាយឱ្យហូបម្តង ប៉ុន្តែម្នាក់ៗទទួលបានត្រឹមតែមួយវែកប៉ុណ្ណោះ។ របបអាហារមានភាពខ្សត់ខ្សោយបំផុត ដោយសារគ្មានម្ហូបសម្រាប់បរិភោគជាមួយបាយឡើយ ក្រៅពីទឹកត្រីដែលធ្វើពីអង្ករលីងលាយអំបិល ឬគល់ល្ហុង។ ការហូបចុកមិនគ្រប់គ្រាន់បង្កឱ្យមានអ្នកស្លាប់ដោយសារការដាច់ពោះជាបន្តបន្ទាប់។

ផ្នែកសុខាភិបាល ស៊ន់ បានរៀបរាប់ថា នៅពេលមានជំងឺម្តងៗ មនុស្សត្រូវទៅសុំថ្នាំអាចម៍ទន្សាយមកហូប។ ថ្នាំនោះធ្វើពីដើមក្រឡាញ់កិនលាយជាមួយអង្ករម៉ដ្ឋ រួចសង្កត់ក្នុងពុម្ពឬស្សីឱ្យចេញជាគ្រាប់ពណ៌ខ្មៅ។ អ្នកជំងឺគ្មានជម្រើសអ្វីក្រៅពីលេបថ្នាំទាំងនោះឡើយ បើមិនដូច្នោះទេមានតែរង់ចាំសេចក្តីស្លាប់។

ចំពោះការស្លៀកពាក់វិញ ស៊ន់ គ្មានសិទ្ធិប្រើប្រាស់ក្រណាត់ដែលខ្លួនត្បាញដោយដៃផ្ទាល់នោះទេ។ សម្លៀកបំពាក់នាពេលនោះមានសភាពចាស់ប៉ះមុខប៉ះក្រោយ ខ្លះធ្វើពីថង់បន្សល់ទុកពីរបប លន់ នល់ រីឯសំពត់វិញរហែកស្ទើរតែយកស្លឹកចេកមកប៉ះជំនួសបាន។ ស៊ន់ មានអាវថ្មីតែមួយគត់សម្រាប់ពាក់នៅពេលមានការប្រជុំ។ នៅពេលដែលអង្គការចែកក្រមាឱ្យម្នាក់មួយ ស៊ន់ សប្បាយរីករាយឥតឧបមា។ ពេលនោះក្រខ្សត់ណាស់គ្មានសូម្បីតែក្រាសសិតសក់ឱ្យបានរៀបរយ។

ការរៀបការក្នុងរបបខ្មែរក្រហមត្រូវបានធ្វើឡើងជាសមូហភាព ដែលក្នុងមួយលើកៗមានរហូតដល់៣០ទៅ៤០គូ ឬដល់ខ្ទង់រយគូ។ ពិធីនេះតម្រូវឱ្យកូនកំលោះ និងកូនក្រមុំឈរទល់មុខគ្នារួចកាន់ដៃគ្នា។ ក្រោយពេលរៀបការរួចប្តីប្រពន្ធស្នាក់នៅជាមួយគ្នាបានមួយយប់ មិនបាននៅយូរឡើយ។ ខ្មែរក្រហមបានបំបែកឱ្យទៅធ្វើការងាររៀងៗខ្លួនតាមការចាត់តាំង។ គូខ្លះរៀបការបានត្រឹមតែមួយខែ ក៏ត្រូវបានឈ្លបយកទៅសម្លាប់ចោល បង្កឱ្យមានការព្រាត់ប្រាស់គ្នាគ្មានថ្ងៃវិលវិញ។

ស៊ន់ បានឃើញផ្ទាល់ភ្នែកនូវសកម្មភាពសម្លាប់មនុស្សយ៉ាងសាហាវឃោរឃៅ។ ខ្មែរក្រហមបានយកមនុស្សទៅសម្លាប់ដោយការអាករ និងការបាញ់ចោល រួចសែងសាកសពដែលជោកដោយឈាមតាមអង្រឹង។ ទីតាំងសម្លាប់មនុស្សស្ថិតនៅមុខសាលាខ្នារ និងតំបន់ព្រៃព្នៅ ដែលគេដឹកមនុស្សទៅសម្លាប់ជាច្រើនឡាន។ ក្នុងស្ថានភាពដ៏រន្ធត់នេះ ស៊ន់ ត្រូវបង្ខំចិត្តទប់អារម្មណ៍ឱ្យនៅធម្មតា និងមិនហ៊ានបញ្ចេញអាការអ្វីទាំងអស់ដើម្បីរក្សាជីវិត។

ក្រៅពីការធ្វើទារុណកម្មលើមនុស្ស ខ្មែរក្រហមបានបំផ្លាញវត្តអារាមជាច្រើន ដូចជាវត្តភ្មូត្មាត ដោយយកទីតាំងនោះធ្វើជាបន្ទាយទាហាន និងបង្ខំឱ្យព្រះសង្ឃលាចាកសិក្ខាបទទៅធ្វើជាកងចល័ត៕

សម្ភាសន៍ដោយ៖ ឈើន ស្រីល័ក្ខ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤

អត្ថបទដោយ៖ នេន ស្រីមុំ

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin