បំផុសប្រជាជនឱ្យធ្វើការបះបោរប្រឆាំងបញ្ជាអង្គការ

ខ្មែរក្រហមបានចោទប្រកាន់ ឃឹម ឡុង ថាជាអ្នកដើរបំផុសប្រជាជនក្នុងភូមិឱ្យបះបោរប្រឆាំងការដឹកនាំរបស់ខ្លួន។ ខ្មែរក្រហមក៏បានចោទប្រកាន់ ឡុង ថាមានឋានន្តរសក្ដិដោយ១ជាន់ជាយោធាស្ថិតនៅក្នុងកងពលរបស់ ចាន់ រង្សី។[1]
សិន ប៉េងឡុង ហៅ ឃឹម ឡុង មានអាយុ៥៨ឆ្នាំ បានផ្តល់បទសម្ភាសន៍អំឡុងឆ្នាំ២០០២ ដល់អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលឯកសារកម្ពុជា នៅលំនៅដា្ឋនរបស់គាត់ស្ថិតនៅក្នុងភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ក្រុងភ្នំពេញ។[2] ឡុង បានផ្តល់ព័ត៌មានថាគាត់មានស្រុកកំណើតនៅភូមិបឹងខ្យាង ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ហើយមានប្រពន្ធឈ្មោះ ណៃ សុខខែម ហៅខ្ញើត និងមានកូនចំនួន ៦នាក់។ ឡុង មានឪពុកឈ្មោះ សឹម ឃុត, ម្តាយឈ្មោះ អ៊ឹម ឯម និងមានបងប្អូនចំនួន ៧នាក់ (៥នាក់ បានបាត់ដំណឹងនៅពេលជម្លៀសទៅកាន់ខេត្តបាត់ដំបង)។
ឡុង បានបញ្ចប់ការសិក្សានៅថ្នាក់ទី២ នៅវិទ្យាល័យសង្គមរាស្រ្តនិយម ហើយនៅពេលនោះគាត់បានប្រឡងជាប់ចូលបម្រើការងារជាទាហានមានឋានន្តរសក្តិព្រឹន្ទបាលទោលនិងមានតួនាទីជាអ្នកបញ្ជូនសារ។ សា្ថប័នការងាររបស់ ឡុង ស្ថិតនៅតំបន់ដេអិន ក្រុងភ្នំពេញ។ នៅឆ្នាំ១៩៧១ ឡុង បានរៀបការប្រពន្ធ និងក្រោយមកប្រពន្ធគាត់សម្រាលបានកូនប្រុសម្នាក់ ហើយ ចាប់ពីពេលនោះ រហូតដល់របបខ្មែរក្រហមគ្រប់គ្រងប្រទេសគាត់រស់នៅទីក្រុងភ្នំពេញដែលមានសមាជិកសរុប ៧នាក់ រួមមាន៖ ប្អូនថ្លៃពីរនាក់, ម្តាយក្មេក, កូនប្រុស និងប្រពន្ធ។ អំឡុងថ្ងៃទី១៧មេសា ១៩៧៥ នៅពេលយោធាខ្មែរក្រហមចូលកាន់កាប់ទីក្រុងភ្នំពេញ ឡុង កំពុងតែធ្វើការងារជាយោធា មាននាទីជាអ្នកបញ្ជូនសារនៅដេអិន និងគ្រួសាររស់នៅតំបន់ទួលគោក ក្រុងភ្នំពេញ។ ប្រធានរបស់ឡុង បានប្រាប់គាត់ឱ្យត្រឡប់ទៅផ្ទះព្រោះសភាពការណ៍មិនស្រួលទេ យោធាខ្មែរក្រហមបានចូលមកទីក្រុងភ្នំពេញហើយ។ ឡុង ទៅដល់ផ្ទះបានប្រមូលឯកសណ្ឋានទាហានរបប លន់ នល់ ទៅលាក់ទុក ព្រមទាំងស្លៀកសម្លៀកបំពាក់ប្រជាជនជំនួសវិញ។ ក្រោយមករំលងបានមួយថ្ងៃ គឺនៅថ្ងៃទី១៨ មេសា ១៩៧៥ យោធាខ្មែរក្រហមបានបង្ខំឱ្យគ្រួសារឡុង និងប្រជាជនទាំងអស់ចាកចេញពីទីក្រុងភ្នំពេញក្រោមហេតុផលថាទាហានអាមេរិកាំងនឹងទម្លាក់គ្រាប់បែកដើម្បីបំផ្លាញទីក្រុងភ្នំពេញ។ នៅពេលនោះ ឡុង បានឮយោធាខ្មែរក្រហមប្រកាសតាមឧឃោសនស័ព្ទឱ្យចាកចេញពីទីក្រុងភ្នំពេញរយៈពេលបីថ្ងៃដើម្បីគេចពីការទម្លាក់គ្រាប់បែក និងទុកឱកាសឱ្យយោធាខ្មែរក្រហមបោសសម្អាតទាហានលន់ នល់ ដែលកំពុងសំងំលាក់ខ្លួននៅទីក្រុងភ្នំពេញ។ គ្រួសារ និងឡុងបានធ្វើដំណើរចេញពីភ្នំពេញតាមបញ្ជារបស់ខ្មែរក្រហម។ ឡុង បានឃើញសាកសពប្រជាជន និងទាហានក្នុងឯកសណ្ឋាន លន់ នល់ ស្លាប់នៅតាមផ្លូវ និងឃើញយោធាខ្មែរក្រហមស្លៀកឯកសណ្ឋានពណ៌ខ្មៅ បង់កក្រមា ប្រដាប់ដោយអាវុធគ្រប់ដៃបានធ្វើដំណើរជាក្រុមៗ ឈរបញ្ជាបង្ខំប្រជាជនឱ្យចាកចេញពីទីក្រុង។ ឡុង ឃើញប្រជាជនយ៉ាងច្រើនបានបង្ខំចិត្តចាកចេញពីទីក្រុងភ្នំពេញទៅកាន់ទីជនបទនានា តាមបញ្ជារបស់យោធាខ្មែរក្រហម។នៅលើទ្រូងផ្លូវនានាក្នុងទីក្រុងភ្នំពេញណែនណាន់តាន់តាប់ទៅដោយហ្វូងប្រជាជន និងយោធាដែលកំពុងតែជ្រួលច្របល់។ ឡុង និងគ្រួសារត្រូវយោធាខ្មែរក្រហមតម្រូវឱ្យធ្វើដំណើរឆ្ពោះទៅភាគខាងលិចទីក្រុងភ្នំពេញ។ ដូច្នេះ ឡុង និងគ្រួសារបានសម្រេចចិត្តធ្វើដំណើរតាមផ្លូវជាតិលេខ៣ តំបន់ត្រំាខ្នារ និងបន្តឆ្ពោះទៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
បន្ទាប់ពីធ្វើដំណើរដោយថ្មើរជើងរយៈពេលប្រហែលកន្លះខែ ឡុង និងគ្រួសារ បានទៅដល់ស្រុកកំណើត។ ឡុង បានឃើញសភាពការណ៍ក្នុងភូមិមានភាពស្ងាត់ជ្រងំ ផ្ទះសម្បែងធំៗ ត្រូវបានបំផ្លិចបំផ្លាញដោយសារភ្លើងឆេះ និងការរុះរើ ហើយដើមឈើធំៗភ្លើងឆេះអស់ឡើងខ្មៅពេញភូមិ។ ឪពុកក្មេករបស់ឡុង ដែលជាអ្នកមូលដ្ឋានបានប្រាប់ឡុងថា ផ្ទះ និងដើមឈើត្រូវបានយោធាខ្មែរក្រហមដុតបំផ្លាញ ដោយសារពួកគេខ្លាចមានទាហានរបប លន់ នល់ នៅសេសសល់។ អាជ្ញាធរបានចាត់តាំងការងារឱ្យ ឡុង ទៅទប់ទឹកនៅទំនប់ និងលើកភ្លឺស្រែ ហើយរយៈពេលប្រហែលមួយខែឈ្លបចាប់ផ្តើមស្រាវជ្រាវរកអ្នកដែលធ្លាប់មានប្រវត្តិការងារជាទាហាន និងជាមន្រ្តីរាជការក្នុងរបបចាស់។ តាមរយៈការសាកសួរប្រវត្តិរូប និងស៊ើបសួរពីអ្នកមូលដ្ឋាន ឡុង ត្រូវទទួលរងការចោទប្រកាន់ពីខ្មែរក្រហមថា ជាយោធាពាក់ដោយ១ជាន់ យោធានៅក្នុងកងពលរបស់ចាន់រង្សី និងបានធ្វើសកម្មភាពបំផុសឱ្យប្រជាជនបះបោរ។ ឈ្លប ចង់សម្លាប់ឡុង តាមរយៈការដែលប្រើគាត់ឱ្យធ្វើការងារធ្ងន់ៗមិនអាចទ្រំាទ្របាន ហើយធ្វើការតវ៉ាដើម្បីឈ្លបមានហេតុផលសម្លាប់។ ឈ្លប បានប្រើឡុង និងអ្នកជាប់សង្ស័យផ្សេងទៀតឱ្យទឹមនង្គ័លជំនួសគោម្ខាងពីរនាក់ដើម្បីភ្ជួរស្រែ ដោយសារ ឡុង ដឹងថាឈ្លបចង់សម្លាប់គាត់តាមរយៈការងារនេះទើបគាត់ខិតខំធ្វើការងារដោយមិនហ៊ានប្រកែក។ ឈ្លប បានប្រើ ឡុង ឱ្យទឹមនង្គ័លជំនួសគោរយៈពេលប្រហែលកន្លះខែ ហើយគាត់គ្មានការរអ៊ូរទាំតវ៉ាប្រឆាំង ទើបឈ្លបផ្តល់គោឱ្យមកគាត់ដើម្បីទឹមរទេះវិញ ហើយក្នុងកងភ្ជួរខ្វះកម្លាំងមនុស្សប្រុសទើបឈ្លបទុកគាត់ប្រើសិនមុននឹងយកទៅសម្លាប់។ ឡុង ឃើញអ្នកនៅក្នុងកងភ្ជួរហ៊ានតវ៉ាប្រឆាំងនឹងបទបញ្ជារបស់អង្គការត្រូវបាត់ខ្លួនជារឿយៗ ដែលអ្នកទាំងនោះត្រូវនាំទៅសម្លាប់នៅគុកសង់ទន្លេបាទី។ ឡុង ស្ថិតក្នុងកងភ្ជួរដែលមានសមាជិក ១៥ នាក់ មានប្រធានកងឈ្មោះលឹម និងឈ្មោះយន្ត ហើយក្រៅពីការងារភ្ជួរដីស្រែចម្ការគាត់ក៏ត្រូវដំាដំឡូង និងជីកព្រែកបន្ថែមទៀត។ ក្នុងឆ្នាំ១៩៧៦ អង្គការតម្រូវឱ្យ ឡុង ចេញទៅធ្វើការងារឆ្ងាយៗពីភូមិ ដូចជាទៅទប់ទំនប់ទឹក និងជីកប្រឡាយ។ ចំណែកប្រពន្ធរបស់ឡុង រស់នៅក្នុងកងចល័តនារី ត្រូវដកសំណាប ស្ទូងស្រូវ បុកស្រូវ និងធ្វើជី។ ដោយសារតែដឹងថាខ្លួនជាប់និន្នាការដូច្នេះ ឡុង បានខិតខំធ្វើការងារទាំងថ្ងៃទាំងយប់ ទោះបីការងារទប់ទំនប់ទឹកនោះអាចមានគ្រោះថ្នាក់ដល់ជីវិតក៏ដោយ។ នៅពេលយប់ ឡុង ត្រូវចូលរួមប្រជុំធ្វើស្វ័យទិតៀន និងទទួលវគ្គបណ្តុះបណ្តាលនយោបាយពង្រឹងជំហរឡើងវិញដើម្បីបម្រើអង្គការ។ នៅក្នុងឃុំបឹងខ្យាង ឡុង បានដឹងថាឈ្មោះ ឡាយ ហៀន ជាគណៈឃុំ និងឈ្មោះ គឹម ជាប្រធានសហករណ៍ ហើយអ្នកទាំងពីរជាអ្នកដាក់ផែនការការងារឱ្យយុវជន-យុវនារីក្នុងកងចល័ត។ ចំណែករបបអាហារពីដំបូងឡើយមិនសូវរឹតត្បិតទេ ហើយប្រជាជនអាចបេះដំណាំដែលខ្លួនបង្កបង្កើនផលអាចហូបចុកបាន។ ប៉ុន្តែក្រោយៗមករបបអង្ករបានថយចុះ ចុងភៅនៅរោងបាយបានប្តូរពីរបបអាហារជាបបរវិញ ហើយដំណាំក៏ប្រជាជនលែងអាចបេះហូបចុកបានដូចមុន។ ឡុង និងកងចល័តស្ទើរតែគ្មានកម្លាំងសម្រាប់ធ្វើការងារ ហើយដោយសារភាពហេវហត់ឃ្លានអាហារ ឡុង បានលួចបេះស្លឹកដំឡូង ស្លឹកកន្ធំថេត មកហូបដើម្បីបំពេញការស្រេកឃ្លាន។
នៅឆ្នាំ១៩៧៨ ប្រពន្ធរបស់ឡុង បានសម្រាលកូនទី២។ ទោះបីទើបសម្រាលកូនក៏ប្រពន្ធ ឡុង ត្រូវអង្គការប្រើឱ្យផលិតជីដែលគេចាត់ទុកថាការងារនេះជាការងារស្រាល។ បន្ទាប់ពីសម្រាលកូនបានពីរខែប្រពន្ធឡុង ត្រូវអង្គការឱ្យទៅដកសំណាប បុកស្រូវ និងទូលជី ដូចប្រជាជនទូទៅវិញ ប៉ុន្តែអាចឆ្លៀតពេលដើម្បីមកបំបៅទឹកដោះកូន នៅកងកុមារដែលមានចាស់ៗជាអ្នកមើលថែទាំបាន។ នៅឆ្នាំដដែល ឡុង ត្រូវអង្គការផ្លាស់ពីកងភ្ជួរទៅកងដាំដុះបន្លែបង្ការនៅមាត់ស្ទឹងវិញ។ កងដំាបន្លែមានសមាជិក៣នាក់ និងមានប្រធានកងឈ្មោះ ឈួន ឆោម។ បន្លែបង្ការដែល ឡុង ដាំដុះបានមានដូចជាស្ពៃ ខាត់ណា…ជាដើម ហើយត្រូវយកទៅផ្គត់ផ្គង់ផ្ទះបាយរួមរបស់សហករណ៍។ នៅពេលនោះរបបអាហារមានលក្ខណប្រសើរឡើងបន្តិចដោយសារតែជារដូវវស្សា ហើយការងារថ្មីរបស់ឡុង ជាអ្នកដាំបន្លែបង្ការនេះមានភាពងាយស្រួលជាងការងារភ្ជួរស្រែ។
ជីវិតរស់ឆ្លងកាត់របបខ្មែរក្រហម ឡុង យល់ថាមានភាពឃោរឃៅ ព្រៃផ្សៃខ្លាំង។ ឈ្លប ធ្វើទារុណកម្ម សម្លាប់មនុស្សគ្មានត្រាប្រណីទោះបីគ្មានកំហុសឆ្គង។ ប្រជាជនស្ទើរតែអស់ពីក្នុងភូមិត្រូវបានឈ្លបខ្មែរក្រហមនាំទៅសម្លាប់ ហើយខ្មែរក្រហមបានប្រែក្លាយទីធ្លាវត្តអារាមទៅជាផ្ទះបាយរួម និងយកបរិវេណវត្តធ្វើជាទ្រុងជ្រូក ក្រោលគោក្របី។ សាច់ញាតិប្រពន្ធរបស់ឡុងមួយគ្រួសារ ដែលមានឪពុក-ម្តាយ និងកូនបីនាក់ ត្រូវនាំទៅសម្លាប់នៅស្រុកបាទី ខេត្តតាកែវ ហើយសមាជិកគ្រួសារបងប្រុសឡុង ចំនួន៥គ្រួសារ រួមទាំងប្រពន្ធ កូន បានបាត់ដំណឹងរហូតដល់សព្វថ្ងៃនៅពេលជម្លៀសទៅកាន់ខេត្តបាត់ដំបង ក្នុងរបបខ្មែរក្រហម៕
អត្ថបទ៖ អេង សុខម៉េង
[1] ឯកសារ K07937 «ឃឹម ឡុង មានអាយុ៣០ឆ្នាំ ភិនភាគ៖ កម្ពស់១ម៉ែត្រ ៥០សង់ទីម៉ែត្រ, មានសម្បុរសណ្តែកបាយ, មុខតូច, ភ្នែកតូច, សក់ស្លូត, ថ្ងាសតូច, ច្រមុះទាល និងមានសំឡេងតូចដំណើរមួយៗ។ ឃឹម ឡុង ពាក់ដោយ១ជាន់ កងពលចាន់រង្សី។ ប្រពន្ធឈ្មោះ ខ្ញើត, ម៉ែឈ្មោះ ឯម, ឪឈ្មោះឃឹម។ កំណើតនៅបឹងខ្យា បឹងខ្យា កណ្តាលស្ទឹង តំ២៥។ សព្វថ្ងៃនៅព្រៃមាត់ចាប តំ២៥។ សកម្មភាព បំផុសប្រជាជនឱ្យធ្វើការបះបោរក្នុងភូមិ, បំផុសប្រជាជនពេលអង្គការដាក់ទិសឱ្យធ្វើអ្វីមួយមិនឱ្យធ្វើពិសេសរឿងប្រជុំកុំឱ្យទៅ»។
[2] ឯកសារ KDI 0022 បទសម្ភាសន៍របស់ ផាន់ សុជា ជាមួយឈ្មោះ សិន ប៉េងឡុង ហៅ ឃឹម ឡុង រស់នៅ ភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ក្រុងភ្នំពេញ កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០០២។

