ជំងឺអត់ឃ្លាន

(ក្រចេះ)៖ «នៅក្នុងរបបខ្មែរក្រហម ខ្ញុំមានជំងឺម្យ៉ាងហៅថាជំងឺអត់ឃ្លាន។» រ័ត្ន វ៉ាន់ស៊ីនបានលើកឡើង។ វ៉ាន់ស៊ីន មានអាយុ៧១ឆ្នាំ រស់នៅភូមិយាវ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ។
វ៉ាន់ស៊ីន ជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមម្នាក់មានដើមកំណើតនៅទីក្រុងភ្នំពេញ។ គាត់និយាយថា នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ គាត់ឃើញមានទង់ជ័យពណ៌សនៅស្ទើរតែគ្រប់ទីកន្លែងក្នុងទីក្រុង។ អ្នកទីក្រុងភ្នំពេញសង្ឃឹមថាប្រទេសជាតិនឹងលែងមានសង្រ្គាមបន្តទៀត។ ការពិតជាក់ស្តែងគឺផ្ទុយស្រឡះពីក្ដីសង្ឃឹមរបស់ប្រជាជន។ នៅម៉ោង៩ព្រឹកថ្ងៃដដែល យោធាខ្មែរក្រហមបានចូលដល់ទីក្រុងភ្នំពេញ ហើយចាប់ផ្ដើមជម្លៀសប្រជាជនចេញពីទីក្រុង។
ផ្ទះរបស់ វ៉ាន់ស៊ីន មានទីតាំងនៅខាងក្រោយរោងកុនអង្គរ នៅជិតផ្លូវសុកហុក។ គាត់ និងគ្រួសារបានចាកចេញពីផ្ទះ ប៉ុន្តែមិនមានទិសដៅត្រូវទៅ គាត់ក៏បានវិលត្រឡប់ទៅពួននៅក្នុងផ្ទះវិញ។ រហូតដល់ថ្ងៃទី១៩ មានយោធាខ្មែរក្រហមអាយុប្រហែល១៥ឆ្នាំ បានស្ពាយកាំភ្លើងកាណុងអូសដីផ្ចង់សំដៅមកផ្ទះប្រជាជន និងបានស្រែកបណ្ដេញមនុស្សម្នាឱ្យចាកចេញ។
នៅម៉ោងប្រហែល២រសៀល សមាជិកគ្រួសាររបស់ វ៉ាន់ស៊ីន បានចាកចេញពីផ្ទះដោយធ្វើដំណើរជាមួយរថយន្តរបស់គ្រួសារជនជាតិចិនមួយ។ នៅតាមផ្លូវមានការកកស្ទះខ្លាំង ព្រោះនៅមានប្រជាជនដទៃទៀតដែលមិនទាន់ចេញផុតពីទីក្រុង។ វេលាម៉ោង៥ល្ងាច គ្រួសាររបស់ វ៉ាន់ស៊ីន បានធ្វើដំណើរដល់មុខព្រះបរមរាជវាំង ហើយបានសម្រាកនៅទីនោះចំនួនមួយយប់។ វ៉ាន់ស៊ីន បានប្រាប់ថា នៅយប់នោះ មានយោធាខ្មែរក្រហម លួចយកម៉ូតូ និងទ្រពសម្បត្តិរបស់ប្រជាជនដែលកំពុងតែសម្រាន្តលង់លក់។
នៅព្រឹកថ្ងៃទី២០ ខែមេសា គ្រួសាររបស់ វ៉ាន់ស៊ីន ត្រូវបានបញ្ជូនតាមរយៈកប៉ាល់កម្ពស់២ជាន់ ទៅឈប់នៅចំណតព្រែកពោធិ៍។ វ៉ាន់ស៊ីន ស្នាក់នៅភូមិព្រែកពោធិ៍បានចំនួន២ថ្ងៃ ក្រោយមកត្រូវប្ដូរទៅភូមិមាន់១០ រួចត្រូវបញ្ជូនបន្តទៅស្នាក់នៅក្នុងភូមិសំរោង។ ស្នាក់នៅទីនោះបានប្រហែល៦ថ្ងៃ ខ្មែរក្រហមចាប់ផ្តើមសួរនាំពីប្រវត្តិរូប និងទីកន្លែងកំណើតរបស់ប្រជាជន។ ម្ដាយរបស់ វ៉ាន់ស៊ីន បានឆ្លើយប្រាប់អង្គការថា គាត់មានស្រុកកំណើតនៅខេត្តតាកែវ។ ក្រោយពីខ្មែរក្រហមបានដឹងដូច្នេះ គាត់និងក្រុមគ្រួសារត្រូវបញ្ជូនឡើងឡានទៅជាមួយប្រជាជនដទៃទៀត។ គ្រួសាររបស់គាត់ចំណាយរយៈពេលចំនួន២ថ្ងៃក្នុងការធ្វើដំណើរចេញពីភូមិសំរោង ទៅស្រុកអូររាំងឪ។
ទៅដល់ស្រុកអូររាំងឪ ខ្មែរក្រហមបានចាត់តាំងឱ្យ វ៉ាន់ស៊ីនធ្វើការងារនៅក្នុងកងស្ទូងស្រូវ។ វ៉ាន់ស៊ីន ត្រូវក្រោកពីម៉ោង៤ទៀបភ្លឺ ដើម្បីទៅធ្វើការ។ គាត់បានបន្តថា គាត់ត្រូវធ្វើការងារទាំងយប់ទាំងថ្ងៃ ស្ទើរតែគ្មានពេលសម្រាក។ វ៉ាន់ស៊ីន លើកឡើងថា នៅក្នុងរបបខ្មែរក្រហម គាត់មិនដែលមានជំងឺអ្វីធ្ងន់ធ្ងរឡើយ គឺគ្រាន់តែឈឺក្បាល ក្ដៅខ្លួន ប៉ុន្តែអ្វីដែលគាត់គិតថាជាជំងឺធ្ងន់ធ្ងររបស់គាត់ គឺជំងឺអត់ឃ្លាន។ នៅពេលនោះ របបអាហារដែល វ៉ាន់ស៊ីន ទទួលបាននៅក្នុងមួយថ្ងៃ មានតែបបរចំនួន២ចានប៉ុណ្ណោះ។
នៅក្នុងរបបខ្មែរក្រហម ពេលដែលមានប្រជាជនធ្វើឱ្យខូចខាតរបស់របរដូចជា បង្គី, នង្គ័ល, រនាស់ និងស្លាបព្រា ខ្មែរក្រហមនឹងចាប់យកប្រជាជនទាំងនោះទៅសម្លាប់ចោល។ វ៉ាន់ស៊ីន បានលើកឡើងថានៅក្នុងរបបខ្មែរក្រហម ប្រជាជនដែលរងទុក្ខលំបាកជាងគេ គឺជាប្រជាជន១៧មេសា ដែលខ្មែរក្រហមជម្លៀសពីភ្នំពេញ។
វ៉ាន់ស៊ីន បាននិយាយបន្ថែមថា ការរៀបការនៅក្នុងរបបខ្មែរក្រហម មិនដូចទៅនឹងពេលបច្ចុប្បន្ននោះទេ។ ការរៀបការនៅពេលនោះ មានការផ្សំផ្គុំចាប់ពី៥គូ រហូតដល់៥០គូ ក្នុងពេលតែមួយ ហើយខ្មែរក្រហមជាអ្នករៀបចំ។ នៅក្នុងកម្មវិធីរៀបការ មានគណៈអធិបតីឡើងធ្វើសេចក្ដីណែនាំដល់គូស្វាមី និងភរិយាទាំងអស់នោះ រួចបញ្ចប់កម្មវិធី៕
សម្ភាសន៍ដោយ៖ ប៉ឹល មុនថាន ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦
អត្ថបទដោយ៖ នេន ស្រីមុំ

