បងប្រុសពីរនាក់និងម្តាយស្លាប់នៅខេត្តកំពង់ធំ

(កំពង់ចាម)៖ កូប សាតះ មានអាយុ៦៥ឆ្នាំ សព្វថ្ងៃរស់នៅភូមិទី៦ ឃុំរការខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ សាតះ បាននិយាយរៀបរាប់ពីការចងចាំរបស់គាត់ថា៖ «នៅក្នុងរបប លន់ នល់ ខ្ញុំទើបតែរៀបការបានរយៈពេលប្រហែល២ខែ។ ប្តីរបស់ខ្ញុំមានឈ្មោះ ម៉ាត់។ ថ្ងៃមួយ ខ្ញុំកំពុងជិះទូកជាមួយប្តី ស្រាប់តែមានកាំភ្លើងមួយបាញ់ចេញពីយន្តហោះមួយគ្រឿង ត្រូវចំប្តីខ្ញុំប៉ុន្តែមិនគ្រោះថ្នាក់ដល់ជីវិតគាត់ទេ។ ពេលឃើញប្តីត្រូវរបួស ខ្ញុំ​បានក្រាបនៅលើទូក និងបានទាញយកមែកឈើនៅលើទូកមកបាំង។ ខ្ញុំពិតជាអាណិតប្តីខ្ញុំណាស់។ ឈាមរបស់គាត់បានហូរយ៉ាងច្រើន។ យើងទាំង​ពីរ​បានសំងំនៅលើទូកប្រហែល ១ម៉ោង ទើបហ៊ានបញ្ឆេះម៉ាស៊ីនទូកចេញពីកន្លែងកើតហេតុ ព្រោះខ្លាចយន្តហោះបាញ់យើងបន្ថែមទៀត។ យើងបានជិះទូករហូតដល់ផ្ទះ។ ខ្ញុំនៅចាំបានថា នៅតាមផ្ទះនីមួយៗក្នុងភូមិ មានជីករណ្តៅត្រង់សេ ដើម្បីការពារខ្លួនពីការទម្លាក់គ្រាប់បែក។ នៅពេលឭសំឡេងយន្តហោះ ហោះមកម្តងៗប្រជាជននាំគ្នាចូលទៅក្នុងរណ្តៅត្រង់សេ។ ក្នុងរបប លន់ នល់ ប្រជាជនរស់នៅដោយភ័យខ្លាច និងមានការប្រុងប្រយ័ត្នជាប់ជានិច្ច។ ការធ្វើបាតុកម្ម តែងប្រព្រឹត្តទៅជាញឹកញាប់។

បន្ទាប់ពីរបប លន់ នល់ ដួលរលំ កងទ័ពខ្មែរក្រហម បានចូលមកគ្រប់គ្រង់នៅក្នុងភូមិឋានខ្ញុំនៅអំឡុងខែមេសា ឆ្នាំ១៩៧៥។ ដំបូងឡើយ ខ្មែរក្រហមមិនទាន់ជម្លៀសប្រជាជនចេញពីភូមិទេ ប៉ុន្តែស្ទើររៀងរាល់ថ្ងៃ ប្រធានភូមិ ​បានហៅប្រជាជនទាំងអស់ទៅប្រជុំ ហើយអង្គប្រជុំតែងតែតាំងខ្លួនឯងថាជាអង្គការ។ អង្គការឲ្យធ្វើនេះ អង្គការឲ្យធ្វើនោះ។ ខ្ញុំឭប្រធានភូមិប្រាប់ថា អ្នកណាប្រឆាំង អង្គការនឹងសម្លាប់ចោល។ បន្ទាប់មក មនុស្សស្រីទាំងអស់ក្នុងភូមិ ត្រូវអង្គការតម្រូវឲ្យកាត់សក់ខ្លី ហើយទាំងស្រីទាំងប្រុស ត្រូវស្លៀកសម្លៀកបំពាក់ខ្មៅទាំងអស់គ្នា។ អ្នកដែលមានខោអាវសឬពណ៌ផ្សេង ត្រូវអង្គការបង្ខំឲ្យយកទៅជ្រលក់ជាមួយភក់ ឬស្លឹកឈើ ធ្វើឲ្យខោអាវនោះប្រែជាពណ៌ខ្មៅ ទើបអង្គការឲ្យស្លៀកពាក់។ ក្រោយមក ប្រធានភូមិបានមកប្រាប់គ្រួសារខ្ញុំថា ឲ្យរៀបចំខោអាវ និងសម្ភារចាំបាច់មួយចំនួន ដើម្បីទៅរស់នៅ និងធ្វើការងារនៅឯខេត្តកំពង់ធំ។ ក្រោយមក ទើបខ្ញុំដឹងថា នេះគឺជាការជម្លៀសដោយបង្ខំ ព្រោះអង្គការមិនអនុញ្ញាតឲ្យគ្រួសារយើងសម្រេចចិត្តទេ។ នៅពេលជម្លៀស អង្គការបានឲ្យគ្រួសារខ្ញុំធ្វើដំណើរដោយថ្មើរជើង និងជិះរថយន្ត។ នៅកំពង់ធំ អង្គការបានចែកផ្ទះមួយខ្នង ឲ្យគ្រួសារខ្ញុំស្នាក់នៅ ហើយផ្ទះនោះប្រឡាក់សុទ្ធតែឈាម និងមានបន្សល់នូវឆ្អឹងលលាដ៍ក្បាល។ ពេលឃើញដូចនេះ ខ្ញុំពិតជាភ័យរន្ធត់ជាខ្លាំង ហើយចង់ចាកចេញពីផ្ទះនោះ ប៉ុន្តែពេលឃើញកងឈ្លបខ្មែរក្រហមឈរនៅជិតនោះ គ្រួសារខ្ញុំក៏បង្ខំចិត្ត​ស្នាក់​នៅក្នុងផ្ទះនោះ។ ៣ថ្ងៃក្រោយមក កងឈ្លបខ្មែរក្រហម បានមកបែងចែកការងារដល់ខ្ញុំ និងគ្រួសារ។ កន្លែងការងាររបស់យើង គឺនៅការដ្ឋានផ្សេងៗពីគ្នា។ យូរៗថ្ងៃទើបអង្គការឲ្យយើងមកលេងផ្ទះម្តង។ ការងាររបស់ខ្ញុំ មានសព្វបែបយ៉ាង ដូចអ្នកមូលដ្ឋានចាស់ដែរ ដោយត្រូវលើកទំនប់ ដកសំណាប និងស្ទូងស្រូវជាដើម។ ម៉ោងពេលធ្វើការចាប់ផ្តើមពីព្រឹកព្រលឹម រហូតដល់ម៉ោង ១១ ថ្ងៃត្រង់។ បន្ទាប់ពីហូបអាហាររួច យើងបន្តធ្វើការរហូតដល់ព្រលប់ ហើយថ្ងៃខ្លះ យើងត្រូវធ្វើការងារបន្ថែមនៅពេលយប់។ របបអាហារមានតែបបរលាយជាមួយពោត ឬលាយជាមួយសណ្តែក។ ដោយសារហូបបបរមិនគ្រប់គ្រាន់ និងខ្វះជាតិអំបិល ខ្លួនប្រាណ ដៃជើងរបស់ខ្ញុំ ហើម។ ការហូបអាហារមិនគ្រប់គ្រាន់ បានបណ្តាលឲ្យខ្ញុំឈឺជាញឹកញាប់។ អ្នកគ្រប់គ្រងកងចល័ត បានឲ្យខ្ញុំទៅសម្រាកនៅពេទ្យដើម្បីព្យាបាលជំងឺហើម។ ខ្ញុំដេកពេទ្យប្រហែល១ខែ ទើបជំងឺខ្ញុំបានធូរស្រាល និងបានត្រឡប់មកធ្វើការងារវិញ។

បន្ទាប់មក អង្គការបានផ្លាស់ប្តូរការងារខ្ញុំទៅសហករណ៍ពាមគ្រេង ស្ថិតនៅក្នុងភូមិលែង ខេត្តកំពង់ធំ ដដែល។ ពេលនោះ ខ្ញុំឭដំណឹងពីអ្នកធ្វើការជាមួយថា បងប្រុសរបស់ខ្ញុំពីរនាក់ ឈ្មោះ កទៀត និងឈ្មោះ កាជេក បានស្លាប់ដោយសារជំងឺ និងហូបអាហារមិនគ្រប់គ្រាន់។ ចំណែកអ្នកនៅក្នុងកងចល័តជាមួយខ្ញុំ ត្រូវអង្គការដឹកតាមរទេះគោយកទៅរៀនសូត្រ។ នៅពេលរទេះត្រឡប់មកវិញ ឃើញមានតែសម្ភារ ហើយមិនឃើញមានមនុស្សមកជាមួយទេ។ បន្ទាប់ពីបងពីរនាក់ខ្ញុំស្លាប់ ម្តាយរបស់ខ្ញុំក៏ធ្លាក់ខ្លួនឈឺ ដោយសារតែហូបអាហារមិនគ្រប់គ្រាន់ និងធ្វើការងារធ្ងន់បាក់កម្លាំង ហើយចុងក្រោយគាត់ក៏បានស្លាប់។ ពេលនោះ ខ្ញុំមានការឈឺចាប់ណាស់ ប៉ុន្តែមិនដឹងធ្វើយ៉ាងមិចមានតែខំាមាត់សង្កត់ចិត្ត ទ្រំារស់នៅទៅតាមតែកងឈ្លបខ្មែរក្រហមប្រើ អត់ហ៊ានប្រកែកតវ៉ាឡើយ។ ខ្ញុំបន្តរស់នៅខេត្តកំពង់ធំ រហូតដល់របបខ្មែរក្រហមដួលរលំ។ នៅពេលប្រទេសកម្ពុជាត្រូវបានរំដោះ ខ្ញុំនិងសមាជិកគ្រួសារដែលនៅមានជីវិត បានសុំដោយសារតាមរថយន្តគេ ធ្វើដំណើរពីខេត្តកំពង់ធំ មករស់នៅខេត្តកំពង់ចាមរហូតដល់សព្វថ្ងៃ​។

បច្ចុប្បន្ន ខ្ញុំមានជំងឺលើសជាតិស្ករ និងមានអាការខ្សោយអស់កម្លាំង និងវិលមុខ។ ដោយសារស្ថានភាពជីវភាពគ្រួសារ ខ្ញុំមិនធ្លាប់បានទៅពិនិត្យជំងឺនៅមន្ទីរពេទ្យទេ បានត្រឹមផ្សំថ្នាំជាមួយពេទ្យនៅជិតផ្ទះមកលេបតែប៉ុណ្ណោះ៕”

សម្ភាសន៍ដោយ សុះ នូរសីណា ថ្ងៃទី១៣ ខែ កញ្ញា ឆ្នាំ២០២៤

អត្ថបទដោយ អេង សុខម៉េង ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦

 

ចែករម្លែកទៅបណ្តាញទំនាក់ទំនងសង្គម

Add a Comment

Your email address will not be published. Required fields are marked *

Solverwp- WordPress Theme and Plugin